ច្បាប់ពាក្យចាស់
(បទព្រហ្មគីតិ)
-
ពាក្យចាស់ពាក្យពីព្រេង
ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់
រមិលយល់ប៉ុនទាំងភ្នំ។
-
ចូលព្រៃសត្វសាហាវ
រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ
ពួនសម្ងំឆីម្នាក់ឯង។
-
បានហើយចង់បានទៀត
ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែម្នាក់ឯង
មិនយល់គេឯទៀតផង។
-
នឹងស៊ីចង់ពិសា
ខ្ជិលទំពាឲ្យហ្មត់ហ្មង
យល់នាមថាជាមង
យល់ឯផងថាជាកួយ។
-
យល់តាថាជីដូន
យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ
យល់ឯព្រួយថាជាសុខ។
-
យល់ទោសថាជាគុណ
យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់
យល់លាមកថាជាផ្កា។
-
ស្លៀកស្បង់មិនកោរសក់
ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា
យល់គជាថាកណ្តុរ។
-
ពាក្យនេះលោកពីព្រេង
អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់
ក្រែងកំហល់កំហុសមាន។
-
អ្នកប្រាជ្ញកាន់ពាក្យទៀង
កុំលំអៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន
ពាក្យអ្នកចាស់លោកដៀលថា។
-
ពាក្យនេះពីព្រេងព្រឹទ្ធ
គួរឲ្យគិតពិចារណា
កុំអួតអង្គអាត្មា
ថាចំណេះចំណាំមាន។
-
ដេកយប់កុំដេកយូរ
ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន
គិតប្រមាណគ្រប់គ្នីគ្នា។
-
លើកដាក់តាមកម្លាំង
កុំពើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យត្រា
កុំស៊ាំស៊នរនចៅរ៉ៅ។
-
ទោះគិតកុំរួសរាន់
គិតឲ្យគ្រាន់ទើបដើរទៅ
កុំឲ្យមានអាស្រូវ
កើតដំនៀលដល់អាត្មា។
-
កុំយកឆ្អិនជាឆៅ
កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា
ចោលច្បាប់ក្បួនលោកព្រេងនាយ។
-
ស្រដីឲ្យស្រួលស្រេច
គិតសេចគ្រេចកុំគិតងាយ
រំពឹងឲ្យវែងឆ្ងាយ
យល់លង្វែកពាក្យលោកថា។
-
ពាក្យព្រេងលោកស្រដី
ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា
គិតត្រង់ណាធ្វើឲ្យបាន។
-
កាន់កពស់ឲ្យខ្ជាប់
ក្រែងក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន
ទឹកថ្លាសោតកុំឲ្យល្អក់។
-
ស្លឹកឈើឥតកម្រើក
បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់
ត្បិតរលកខ្លាំងសោះសា។
-
យល់តូចកុំខិតខំ
គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ
សន្សឹមក្សិណតិចៗទៅ។
-
អ្នកមានរក្សាខ្សត់
ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ
ដូចសំពៅនូវសំប៉ាន។
-
អ្នកខ្ពស់រក្សាទាប
ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន
នាអ្នករុងរក្សាឆ្មារ។
-
រក្សាទៅមុខរឹង
ឥតកំដឹងអស់អម្បាល
ចំណេរចីរកាន់កាល
ដូចរបងស្រាស់បន្លា។
-
កុំឆ្អែតពេកតែឯង
មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា
ឲ្យឆីរ៉ាបានឆ្អែតផង។
-
កុំមានចិត្តលលើ
ពឹងក្រពើឲ្យចម្លង
កុំកាច់ឩសរបង
វាំងចំណារឯអាត្មា។
-
មានទូកហើយមានថ្នោល
មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា
ក្រជឹងចាប់ដោយនូវគ្រប់។
-
ប្រយ័ត្នក្រែងព្យុះខ្យល់
បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់
ទើបហៅជាក់មានគំនិត។
-
ពាក្យព្រេងគិតគួរចាំ
ជាបណ្តាំប្រដៅចិត្ត
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ
មុខគួរគិតៗឲ្យគ្រាន់។
-
ពាក្យនេះជាសណ្តាប់
ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់
កំណត់នៅឥតឃ្លាតឃ្លា។
-
សូរេចនូវនិទាន
ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា
ចាំទុកកាយគ្រប់គ្រាន់ហោង៕
Post a Comment